មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលមាននារីម្នាក់ជាអាជីវករលក់ដូរក្នុងផ្សារអូរឫស្សី ហើយបានមកស្នាក់នៅក្នុងភោជនីយដ្ឋានមាតុភូមិ
ត្រូវបានក្រុមគ្រូពេទ្យជំនាញរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ទើបក្រុមគ្រូពេទ្យជំនាញសហការជាមួយអាជ្ញាធរចុះមកទទួលយកទៅព្យាបាលកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១
នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកមនុស្សចំនួន៣នាក់ទៀតដែលស្នាក់នៅជាមួយគ្នា ត្រូវបានគ្រូពេទ្យយកសំណាកនិងឲ្យធ្វើចត្តាឡីស័កបន្ត ។
លោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឲ្យដឹងថា នារីដែលវិជ្ជមានកូវីដ-១៩ ខាងលើឈ្មោះ ស៊ន ស្រីនិច អាយុ១៩ឆ្នាំ ជាអាជីវករលក់ដូរអីវ៉ាន់នៅតូបលេខ៣១៤ នៅផ្សារអូរឫស្សី
ហើយគាត់បានមកស្នាក់នៅភោជនីយដ្ឋានមាតុភូមិ ដែលមានសមាជិកបីនាក់ ដោយក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានទៅព្យាបាលបន្តនៅមន្ទីរពេទ្យ
និងបីនាក់ទៀតក្រុមគ្រូពេទ្យបានយកសំណាក នឹងធ្វើចត្តាឡីស័ក នៅក្នុងភោជនីយដ្ឋានមាតុភូមិ នៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
លោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានផ្ដាំផ្ញើដល់បងប្អូនដែលធ្លាប់ប៉ះពាល់នារីខាងលើសូមទៅធ្វើសំណាកជាបន្ទាន់ ដើម្បីរកជំងឺកូវីដ-១៩ នឹងសូមបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា៕